
រហូតមកទល់នឹងឆ្នាំ២០២០នេះ កម្ពុជាទទួលបានថវិកាប្រមាណ ១១,៦លានដុល្លារពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត និងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជានៅសល់ក្នុងបរិមាណច្រើន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទីតាំងដែលកម្ពុជាលក់កាបូនបាននោះរួមមាន ដែនជម្រកសត្វព្រៃកែវសីមា, ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង, ហើយក្រុមហ៊ុនដែលបានទិញឥណទានការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney, ក្រុមហ៊ុន Shell, និងក្រុមហ៊ុន Gucci។

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានពន្យល់ថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃ ច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។

ឯកឧត្តបានបញ្ជាក់ទៀតថា «ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។ ឯកឧត្តម មានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។

សូមជម្រាបថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេសដែលជាអត្រាខ្ពស់បំផុតបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។
អត្ថបទដោយ៖ Nevin
