We TV Cambodia

កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីកូរ៉េខាងត្បូងចំនួន ៣៦គម្រោង

កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីកូរ៉េខាងត្បូងចំនួន ៣៦គម្រោង
ផលិតផលកសិកម្មដែលកម្ពុជានាំចេញទៅកូរ៉េ (ប្រភព៖ Google)

គិតមកទល់ពេលនេះ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីប្រទេសកូរ៉េខាងត្បូងប្រមាណ ៣៦គម្រោងហើយ ខណៈដែលកម្ពុជាអាចនាំចេញទំនិញកសិកម្មទៅកាន់ទីផ្សារកូរ៉េខាងត្បូងរហូតដល់ទៅ ១៨មុខ។

ផលិតផលកសិកម្មដែលកម្ពុជានាំចេញទៅកូរ៉េ (ប្រភព៖ Google)

យោងតាមជំនួបរវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជាមួយលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្នែកកសិកម្មដែលកម្ពុជាបានទទួល និងកំពុងអភិវឌ្ឍន៍ពីកូរ៉េរួមមាន គម្រោងការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកម្ពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរី គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែក គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី និងអគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្តស្វាយរៀងជាដើម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជាមួយលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ (ប្រភព៖ ក្រសួងកសិកម្ម)

ជាមួយគ្នានេះ កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។

ផលិតផលកសិកម្មដែលកម្ពុជានាំចេញទៅកូរ៉េ (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ក្រៅពីកសិផលទាំង ១៨មុខនេះ ស្ថាប័នជំនាញរបស់ក្រសួងកំពុងតែរៀបចំស្នើសុំភាគីកូរ៉េខាងត្បូងនាំចូលកសិផលពីកម្ពុជាពីរប្រភេទទៀត។ មិនតែប៉ុណ្ណោះ កម្ពុជាក៏កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles