We TV Cambodia

កម្ពុជាត្រៀមសាកល្បងនាំចេញសាច់គោស្រស់ទៅកាន់ទីផ្សារ ប្រទេសចិន

កម្ពុជាត្រៀមសាកល្បងនាំចេញសាច់គោស្រស់ទៅកាន់ទីផ្សារ ប្រទេសចិន

កម្ពុជាកំពុងតែត្រៀមរៀបចំខ្លួន នឹងធ្វើការនាំចេញផលិតផលសាច់គោស្រស់ទៅកាន់ ទីផ្សារប្រទេសចិន ដោយមើលឃើញ នូវឱកាសយ៉ាងធំ បន្ទាប់ពីចរន្ដនាំចូលសាច់គោរបស់អូស្ដ្រាលី កំពុងតែមានបញ្ហាជាមួយ​ប្រទេសចិន នឹងម្យ៉ាងវិញទៀត ប្រទេសក្បែរខាងកម្ពុជា គឺប្រទេសឡាវ ក៏បានសាកល្បងធ្វើមុនកម្ពុជាទៅហើយ ដែលអាចនាំចេញសាច់គោទៅកាន់ប្រទេសចិនដោយជោគជ័យ។

ឯកឧត្ដម​ វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានថ្លែងក្នុងឱកាស ពិធីចុះកិច្ចសន្យាផលិកម្មកសិកម្មលើដំណាំកសិ ឧស្សាហកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០។ ឯកឧត្ដម បានមានប្រសាសន៍ថា “ នាពេលអនាគតយើងនឹងជ្រៀតខ្លួនចូលទៅកាន់ទីផ្សារកាន់តែច្រើនជាពិសេសផលិតផលកសិកម្មដែលយើង​អាចផលិតបានសម្រាប់នាំចេញ។ យើងកំពុងត្រៀមនាំចេញសាច់គោដែលជាផលិតផលថ្មី ពី​ព្រោះ​យើងមើលឃើញពីបញ្ហាប្រឈមរវាងចិននិងអូស្ត្រាលី។

ទោះយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានឹងត្រូវចំណាយពេលវេលា សម្រាប់ដោះស្រាយលើនីតិវិធី រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និង កន្លែងដែលគាំទ្រផលិតកម្មសាច់សម្រាប់នាំចេញ។

ដើម្បីធ្វើការនាំចេញទៅកាន់ ប្រទេសចិន ដំបូងយើងត្រូវសរសេរលិខិតជាផ្លូវការមួយផ្ញើទៅភាគីចិនដោយបញ្ជាក់ថាកម្ពុជាអាចនាំចេញសាច់គោទៅកាន់ទីផ្សារប្រទេសចិនបាន។ បន្ទាប់មក ភាគីចិននឹងមកសិក្សាពីការខិតខំរបស់កម្ពុជា និងកំណត់លក្ខខណ្ឌមួយចំនួន ក្រោយពេលពេលតម្រូវការទាំងនោះត្រូវបានបំពេញរួចរាល់ នោះកម្ពុជា នឹងអាចផ្ញើសាច់គោបានហើយ ។

កម្ពុជា – ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ហើយ ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនឹងក្លាយជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា។

ដោយ៖ Stince

Related Articles