
ដោយៈ ទិន សុខាវុធ
កម្ពុជាគ្រោងនាំអង្ករចេញទៅលក់នៅលើទីផ្សារក្រុងហុងកុងនិងអាហ្វិកខាងត្បូងថែមទៀត នៅឆ្នាំ ២០២០ ខាងមុខនេះ បន្ថែមលើទីផ្សារអង្ករក្នុងប្រទេសចិននិងសហភាពអឺរ៉ុប។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើទំព័រ Facebook របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ នៅឯទីស្តីការរបស់ក្រសួង ក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូ និងក្រុមហ៊ុន ហ្រ្គីនសែហ្វអាហ្វ្រិកគ្រុប បានចុះកិច្ចព្រងព្រៀងជាមួយក្រុមហ៊ុនកម្ពុជា មេគង្គអូរីហ្សាត្រេដឌីង ដើម្បីអនុញ្ញាតបើកអោយមានការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារក្នុងក្រុងហុងកុង និងនៅប្រទេសអាហ្វ្រិកខាងត្បូង នៅក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រីកសិកម្ម វេង សាខុន។
អនុសារណយោគយល់គ្នាឬកិច្ចព្រងព្រៀងនេះ អនុញ្ញាតអោយកម្ពុជាអាចនាំអង្ករចំនួនពី ៣ ទៅ ៥ ម៉ឺនតោនទៅលក់នៅលើទីផ្សារហុងកុងនិងអាហ្វ្រិកខាងត្បូង សំរាប់ឆ្នាំ ២០២០ ។ សំរាប់ឆ្នាំ ២០២១ កម្ពុជានឹងអាចនាំអង្ករចំនួនពី ៥ ទៅ ៧ ម៉ឺនតោន សំរាប់ឆ្នាំ ២០២២ កម្ពុជានឹងអាចនាំអង្ករចំនួនពី ៧ ទៅ ១០ ម៉ឺនតោន ទៅលក់នៅលើទីផ្សារទាំងនោះ។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម ក្នុងរយពេល ៩ ខែ ដើមឆ្នាំ ២០១៩ កម្ពុជាបាននាំអង្ករចេញទៅលក់នៅក្រៅប្រទេសប្រមាណជា ៤០ ម៉ឺនតោន គឺកើនជាងឆ្នាំមុនប្រមាណជា ២% ។ ក្នុងនោះ បរិមាណអង្ករនាំចេញទៅប្រទេសចិនមានចំនួនប្រមាណជា ១៦ ម៉ឺនតោន ទៅសហភាពអឺរ៉ុបមានប្រមាណជាជាង ១៣.៦ ម៉ឺនតោន និងទៅប្រទេសអាស៊ានប្រមាណជា ៥.៣ ម៉ឺនតោន៕
