
យោងតាមការថ្លែងរបស់លោក ស៊ិន ចាន់សេរីវុត្ថា អគ្គនាយរងបច្ចេកទេស និងជាអ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងសិនិ្នសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីព្រឹកថ្ងៃទី១៦ ម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជាគ្រោងចំណាយថវិកាចំនួន ៣៥០៦លានដុល្លារអាមេរិក ដើម្បីវិនិយោគបន្ថែមលើវិស័យអាកាសចរណ៍។
ថវិកានោះដែរនឹងផ្ដោតទៅលើពង្រីក និងជួសជុលអាកាសចរណ៍បន្ថែមនៅទូទាំងប្រទេស នៅភ្នំពេញ សៀមរាប កំពង់សោម ប៉ោយប៉ែត កោះកុង និង អាកាសយាន្តដ្ឋានថ្មីនៅខេត្តមណ្ឌលគីរី។ ក្រៅពីនោះ ក៏មានការអភិវឌ្ឍផ្លូវហោះហើរលើអាកាស ប្រព័ន្ធធានាការពារសន្តិសុខសុវត្ថិភាពការដឹកជញ្ជូនអ្នកដំណើរផងដែរ។

ឯកឧត្ដមបន្តថា ក្រុមហ៊ុនយូណានចំណាយបានចំណាយថវិកា ៩៨០លានដុល្លារ ទៅការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសយាន្តដ្ឋានសៀមរាបថ្មី, ដារ៉ាសាគរចំណាយអស់ ១៥០លានដុល្លារ (ដំណាក់កាលទី១), កោះកុងចំណាយអស់ប្រហែលជា ៦០លានដុល្លារ, ប៉ោយប៉ែតចំណាយអស់ជាង ៥០លានដុល្លា, និងមណ្ឌលគីរីថ្មីយើងបានប៉ាន់ស្មានការអភិវឌ្ឍន៍ដល់កំរិត 4C ប្រហែលជាចំណាយអស់ ៦០លានដុល្លា។ ដូច្នេះ បើសរុបការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធអាកាសយាន្តដ្ឋានចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ គឺអស់ប្រមាណ ៣,៥០៦លានដុល្លារ។

គូសបញ្ជាក់ផងដែរថា បើគិតចន្លោះឆ្នាំ២០១៥ ដល់២០២៣ ព្រលានយន្តហោះអន្តរជាតិភ្នំពេញបាននឹងកំពុងបន្តវិនិយោគថែមទៀតចំនួន ៣៣២លានដុល្លារ, អាកាសយានដ្ឋានសៀមរាបចំនួន ១៧៤លានដុល្លារសម្រាប់ការពង្រឹង និងពង្រីកអាកាសយានដ្ឋានសៀមរាបបច្ចុប្បន្ន និងនៅខេត្តព្រះសីហនុ គឺមានគម្រោងចំណាយថវិការប្រមាណ ១៨០លានដុល្លារអាមេរិកបន្ថែមទៀតផងដែរ៕
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
