We TV Cambodia

កម្ពុជាកំពុងពិចារណាក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ក្នុងខេត្តរតនៈគិរី

កម្ពុជាកំពុងពិចារណាក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ក្នុងខេត្តរតនៈគិរី

ដោយ៖ពេជ្រ

រតនគិរី៖​ កម្ពុជាកំពុងតែពិចារណាក្នុងការសម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ឡាវ ក្នុងគោលបំណងជំរុញវិស័យទេចរណ៍ និងវិសយ័យពាណិជ្ជកម្ម។ នេះបើតាមអភិបាលខេត្តរតនគិរី កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងសិក្សាមើលថានិងបើកចក្រណាមួយ ដែលផ្តល់នូវសារៈសំខាន់សម្រាប់ខេត្តទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ទាំងក្នុងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម ។

អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុធ បានមានប្រសាសន៍ថា៖« តាំងពីបង្កើតខេត្តរតនគិរីមកដល់បច្ចុប្បន្ននេះ ខេត្តមិនទាន់មានផ្លូវឬ ច្រកទ្វារណាមួយ ជាមួយនិងប្រទេសឡាវនោះទេ ក្នុងការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុន្តែមានតែច្រកទ្វាររបៀងសត្វតែប៉ុណ្ណោះ »។

ឯកឧត្តមបន្តថា ប្រសិនជាអាចបើកច្រកទ្វារព្រំដែនជាមួយប្រទេសឡាវ វានិងអាចតភ្ជាប់ច្រកទ្វារនេះជាមួយនឹងផ្លូវជាតិសំខាន់បន្ថែមទៀត ទៅក្នុងក្របខ័ណ្ឌ គម្រោងអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ដែលមាន ប្រទេស កម្ពុជា ឡាវ និងវៀតណាម ។

សូមបញ្ជាក់ថា ខេត្តរតនគិរីមានចម្ងាយពីរាជធានីភ្នំពេញប្រវែង ៥៨៨ គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំណែកខាងត្បូងវិញជាប់នឹងខេត្តមណ្ឌលគិរី ៕

ប្រភពៈវិទ្យុជាតិ

Related Articles