We TV Cambodia

កម្ពុជាកំពុងឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំងលើថាមពលពន្លឺព្រះអាទិត្យ

កម្ពុជាកំពុងឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំងលើថាមពលពន្លឺព្រះអាទិត្យ

ការប្រើប្រាស់អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាកំពុងឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំង ខណៈថាមពលពន្លឺព្រះអាទិត្យប្រមាណ ៣៧២មេហ្គាវ៉ាត់នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១​ខាងមុខ។

ឯកឧត្តម កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ យើងនឹងបង្កើន​ថាមពល​សូ​ឡា​របស់​យើងប្រមាណ ២០០មេ​ហ្គា​វ៉ា​ត់បន្ថែមទៀត ហើយនៅឆ្នាំ២០៣០ យើងនឹងបន្ថែមថាមពល​ពន្លឺព្រះអាទិត្យ​ប្រហែលជា ១,៨១៥មេ​ហ្គា​វ៉ា​ត់បន្ថែមទៀត។

ឯកឧត្តមបន្ថែមថា ថាមពល​កកើត​ឡើងវិញ​រួមមាន​ថាមពល​សូ​ឡា ថាមពល​ខ្ជះខ្ជាយ ខ្យល់ និង​ជីវម៉ាស​ ហើយយើង​កំពុង​ស្វែងរក​សក្តានុពល​ថាមពល​យ៉ាងសកម្ម​ដូចជា​ប្រភេទ​ជីវម៉ាស និង​ថាមពលខ្យល់ផងដែរ។

យោងតាមទិន្នន័យរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា ក្នុងមួយថ្ងៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី មានប្រមាណ ៣៤,១៤លាន​គីឡូវ៉ាត់ម៉ោង ក្នុងនោះថាមពលអគ្គិសនីដែលផលិតដោយវារីអគ្គិសនីមាន ២២,៤៩លាន​គីឡូវ៉ាត់ម៉ោង ស្មើនឹង៦៥,៣៦%, ធ្យូងថ្ម ៥,៧៤លាន​គីឡូវ៉ាត់ម៉ោង ស្មើនឹង១៦,៧០%, ថាមពល​សូ​ឡា ៨៤៤,៧២០គីឡូវ៉ាត់ ស្មើនឹង២,៤៥%, ជីវម៉ាស​ ១៥,៣៣៥គីឡូវ៉ាត់ម៉ោង ស្មើ០,០៤% និង​ថាមពល​នាំចូល ៥,៣១៦ លាន​គីឡូវ៉ាត់ម៉ោង ស្មើនឹង ១៥,៤៥% ។​

សូមជម្រាបថា ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៣០មេហ្កាវ៉ាត់ថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបតែត្រូវបានដាក់ឲ្យដំណើរការកាលពីពេលថ្មីកន្លងទៅនេះ ដែលវាកំពុងជម្រុញវិស័យថាមពលពន្លឺព្រះអាទិត្យ នៅកម្ពុជាឲ្យកាន់តែឆ្ពោះទៅមុខថែមទៀត។

​អត្ថបទដោយ៖ Nevin

Related Articles