We TV Cambodia

កត្តាសំខាន់ ៣ ដែលអ្នកចិញ្ចឹមកង្កែបលក់មិនចេញ ខណៈតម្រូវការនៅមាននៅឡើយ

កត្តាសំខាន់ ៣ ដែលអ្នកចិញ្ចឹមកង្កែបលក់មិនចេញ ខណៈតម្រូវការនៅមាននៅឡើយ

របរចិញ្ចឹមកង្កែប ជារបរមួយដែលកំពុងមានការពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈតម្រូវការទីផ្សារកង្កែបក៏សម្បូរណាស់ដែរ ហើយចំណែកឯចំណូលវិញក៏មិនក្រោមខ្ទង់ពាន់ដុល្លារដែរក្នុងមួយខែៗ។ យ៉ាងណា មានអ្នកចិញ្ចឹមកង្កែបមួយចំនួនបែរជាលក់កង្កែបរបស់ខ្លួនមិនចេញ ស្របពេលដែលតម្រូវការទីផ្សារនៅមាននៅឡើយ។ ខាងក្រោមនេះជាកត្តាសំខាន់ៗ ៣ ដែលធ្វើឲ្យអ្នកចិញ្ចឹមកង្កែបមិនអាចលក់ចេញបាន៖

១, មិនហ៊ានចេញមុខ៖ ពិតណាស់ក្នុងនាមជាអ្នកចិញ្ចឹម អ្នកត្រូវការស្វែងរកទីផ្សារដើម្បីលក់ចេញ ប៉ុន្តែបើអ្នកអង្គុយរង់ចាំគេមកទិញនោះវាមិនងាយនោះទេ។ មួយវិញទៀត បច្ចុប្បន្នបណ្ដាញសង្គមកំពុងដើរតួនាទីសំខាន់ក្នុងការធ្វើទីផ្សារ ប៉ុន្តែម្ចាស់កសិដ្ឋានខ្លះ មិនហ៊ាន និងមិនចេះទាំងការប្រើប្រាស់ទៀតផង ទើបធ្វើឲ្យពួកគេមិនអាចលក់កង្កែបចេញបែបនេះ។

២, សង្វាក់ផលិតកម្មមិនគ្រប់តម្រូវការ៖ ទិន្នផលកង្កែបបច្ចុប្បន្នមិនមានភាពទៀងទាត់ ពោលគឺមេពងគឺមានតាមរដូវ ដូច្នេះហើយបើយើងចង់សហការជាអតិថិជនធំៗ ក៏យើងពិបាកដែរ ព្រោះគេត្រូវការអ្នកដែលអាចផ្គត់ផ្គង់ពេញមួយឆ្នាំ ខណៈអ្នកចិញ្ចឹមភាគច្រើនមានតែតាមរដូវប៉ុណ្ណោះ ទើបធ្វើឲ្យយើងមិនអាចចាប់ទីផ្សារធំបាន។

៣, ការចិញ្ចឹមមិនស្របនឹងតម្រូវការ៖ អ្នកទិញ គឺជាអ្នកសម្រេចចិត្តថាគួរទិញ ឬមិនគួរទិញកង្កែបរបស់យើង ប៉ុន្តែបើយើងចេះតែចិញ្ចឹម តែមិនបានដឹងពីតម្រូវការរបស់អតិថិជនក៏យើងពិបាកក្នុងការរកទីផ្សារដែរ។ មានន័យថា អតិថិជនចង់បានប្រភេទកង្កែបផ្សេងគ្នា អ្នកខ្លះត្រូវការកង្កែបបោក, កង្កែបសាច់, ឬកង្កែបដើម្បីប្រឡាក់ហាលជាដើម។ ដូច្នេះ អ្នកត្រូវការសិក្សាពីអតិថិជនឲ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការចិញ្ចឹមឲ្យស្របទៅតាមទីផ្សារ និងលក់ឆាប់ចេញ។

អត្ថបទដោយ៖ Nevin

Related Articles