
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដើម្បីជួយដល់សហគ្រាសធុនតូច មធ្យម និងធុរកិច្ចបង្កើតថ្មី ដែលកំពុងតែរងផលប៉ះពាល់ដោយសារ COVID-19។
ក្នុងកំឡុងពេល COVID-19 នេះ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីកំពុងតែជួបបញ្ហាប្រឈមខ្លាំង និងអាចឈានដល់ការប្រកាសក្ស័យទុនបើ COVID-19 នៅតែអូសបន្លាយ ហើយពួកគេកំពុងតែត្រូវការជំនួយជាបន្ទាន់ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួនបន្តទៀត។
ជាការឆ្លើយតប សហគ្រិនខ្មែរ ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដែលមានអត្ថប្រយោជន៍ជាច្រើន ដើម្បីជួយផ្តល់ដំណោះស្រាយដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីទាំងនោះក្នុងទម្រង់ផ្សេងៗដូចជា៖ មូលនិធិជំនួយ ការវិនិយោគ ការផ្ដល់ជូនវគ្គបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ក្នុងការគ្រប់គ្រងហានិភ័យ និងការផ្ដល់ជាការិយាល័យធ្វើការរួមជាដើម។

សូមជម្រាបថា សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងជាស្ថាប័នប្រតិបត្តិករមួយរបស់មូលនិធិអភវិឌ្ឍន៍សហគ្រិនភាព ក្រោមការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។
គូសបញ្ជាក់ផងដែរថា ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សហគ្រាស និងអាជីវកម្មស្ទើរតែគ្រប់ប្រភេទ ជាពិសេសគឺសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដោយសារតែពួកគេពុំមានថិវិការច្រើនក្នុងការទប់ទល់នឹងផលប៉ះពាល់ពី COVID-19 បានរយៈពេលយូរនោះទេ។ ដូច្នេះហើយ កន្លងមកសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីនេះបានធ្វើការស្នើសុំការជួយអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរទៅមុខទៀតបាន។
ខាងក្រោមនេះជាតំណភ្ជាប់ដើម្បីចុះឈ្មោះស្នើសុំកញ្ចប់ជំនួយ៖ https://forms.gle/oSb8PTfYL4eevzx4A ឬតាមរយៈ QR Code នៅក្នុងរូបភាព។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
